ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន ក្រោយប្រើកាំបិតបុ័ងតោកាប់ប្រពន្ធរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រួចដុតផ្ទះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៥០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ។
ជនសង្ស័យឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ ជាងកញ្ចក់ រស់នៅភូមិសំបួរ ខណ្ឌដង្កោ។ ជនរងគ្រោះឈ្មោះ ស៊ឹម គឹមរស់ ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ មុខរបរលក់ដូរ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤និង៣០នាទី ជនសង្ស័យបានទូរសព្ទទៅជនរងគ្រោះច្រើនដង តែជនរងគ្រោះមិនសូវលើកទូរសព្ទ ធ្វើឱ្យជនសង្ស័យខឹងសម្បារយ៉ាងខ្លាំងដោយសង្ស័យថាប្រពន្ធលួចទាក់ទងជាមួយអតីតស្វាមីទី២។
លុះដល់ថ្ងៃទី២៤ ខែមេសា វេលាម៉ោង០៥និង៥០នាទី ជនសង្ស័យភ្ញាក់ពីដេកហើយនឹកឃើញរឿងខឹងសម្បារ ក៏សម្រេចចិត្តយកកាំបិតបុ័ងតោពីផ្ទះបាយកាប់ចិញ្រ្ចាំទៅលើជនរងគ្រោះដែលកំពុងដេកលក់ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយពីកាប់រួច ជនសង្ស័យក៏បានទាញផ្តាច់ទុយោបេនសាំងម៉ូតូ បង្ហូរសាំងចេញ រួចយកដែកកេះដុតបណ្តាលឱ្យឆាបឆេះម៉ូតូ និងសម្ភារៈក្នុងផ្ទះ។
សំឡេងស្រែកឆោឡារបស់ជនរងគ្រោះបានធ្វើឱ្យកូនស្រីឈ្មោះ កុល បញ្ញា អាយុ១៩ឆ្នាំ និងគូដណ្តឹងឈ្មោះ វ៉ាន់ លីន ភ្ញាក់ឡើងចេញមកឃាត់ និងជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងកូនតូចអាយុ០២ឆ្នាំចេញពីផ្ទះ។ អ្នកជិតខាងក៏បាននាំគ្នាជួយធាក់ទ្វារបាក់ និងបាញ់ទឹកពន្លត់ភ្លើង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ រួមជាមួយវត្ថុតាងកាំបិតបុ័ងតោចំនួន០១ដើម។ ក្រោយសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ប្រពន្ធជាច្រើនកាំបិតរហូតរបួសធ្ងន់ និងដុតផ្ទះក្នុងគោលបំណងចង់សម្លាប់ទាំងអស់គ្នា រួចធ្វើអត្តឃាតតាមក្រោយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ៕
