ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់នេះមាន ៨ជំពូក និង ២០មាត្រា រៀបចំឡើងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដោយកំណត់វិធាននៃការអនុវត្តកាតព្វកិច្ចយោធា ក្នុងគោលបំណងកសាងប្រទេសជាតិ និងការពារមាតុភូមិ។
ច្បាប់ថ្មីនេះអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ដោយឡែកការបំពេញកាតព្វកិច្ចយោធាសម្រាប់ស្ត្រី គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

គួរបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ទើបតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕
ប្រភព៖ (CCFR)
