ខេត្តស្វាយរៀង៖ ប៉ូលិសឃាត់ក្មេងប្រុសអាយុ១៥ឆ្នាំ បើកម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮ ដកហូតរថយន្ត៣ខែ

ខេត្តស្វាយរៀង៖ ប៉ូលិសឃាត់ក្មេងប្រុសអាយុ១៥ឆ្នាំ បើកម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮ ដកហូតរថយន្ត៣ខែ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឃាត់ខ្លួនយុវជនម្នាក់ ដែលបើកបរម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃឮខ្លាំង ខុសពីទ្រង់ទ្រាយដើម និងគ្មានផ្លាកលេខ ដើម្បីធ្វើការអប់រំណែនាំ និងដកហូតម៉ូតូរយៈពេល៣ខែ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍។

រូបភាពសមត្ថកិច្ចឃាត់យុវជន

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ក្នុងពេលចុះល្បាតចល័តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ បានប្រទះឃើញមុខសញ្ញាប្រើប្រាស់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮ ទើបដេញស្ទាក់ប្រទាក់ក្រឡារហូតដល់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍។

រូបភាពម៉ូតូរឹបអូស

ជនល្មើសត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះ ងិន ធីតា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា។ យុវជនរូបនេះបានបើកបរម៉ូតូម៉ាក ស៊ូស៊ុយគី សាទ្រា (SUZUKI SATRIA) ពណ៌បៃតងខ្ចី គ្មានផ្លាកលេខ បំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស។

រូបភាពកិច្ចសន្យា

ក្រោយធ្វើការសួរនាំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងដកហូតម៉ូតូរយៈពេល ០៣ខែ ដើម្បីរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី។ ក្រោយបញ្ចប់ការអប់រំ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលឱ្យមកទទួលយកទៅអប់រំណែនាំបន្តផងដែរ។

administrator

Related Articles