នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសជាសាធារណៈនៅថ្ងៃទី២៤ ខែមេសា ថាលោកបានជាសះស្បើយទាំងស្រុងពីជំងឺមហារីកក្រពេញប្រូស្តាត បន្ទាប់ពីបានទទួលការព្យាបាលដោយស្ងាត់ៗរយៈពេលជិតពីរខែ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN ។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរលើបណ្តាញសង្គម X ថា លោកបានពន្យារពេលការផ្សាយរបាយការណ៍សុខភាពប្រចាំឆ្នាំរយៈពេលពីរខែ ដើម្បីចៀសវាងអំឡុងពេលសង្គ្រាមឡើងដល់កម្រិតកំពូល និងបង្ការកុំឲ្យអ៊ីរ៉ង់ផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងអ៊ីស្រាអែល។
មេដឹកនាំវ័យ៧៦ឆ្នាំរូបនេះ បានទទួលការវះកាត់ក្រពេញប្រូស្តាតដែលរីកធំកាលពីខែធ្នូ ឆ្នាំ២០២៤ និងការពិនិត្យតាមដានក្រោយការវះកាត់ បានរកឃើញដុំសាច់មហារីកទំហំតូចជាងមួយសង់ទីម៉ែត្រនៅក្នុងក្រពេញប្រូស្តាត។ លោកបានទទួលការព្យាបាលដោយជោគជ័យ ហើយឥឡូវនេះមានសុខភាពល្អឡើងវិញ។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ធ្លាប់ត្រូវបានគ្រូពេទ្យដាក់បញ្ចូលឧបករណ៍ជំនួយចង្វាក់បេះដូង (Pacemaker) កាលពីខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារអាការៈស្ទះចង្វាក់បេះដូងបណ្ដោះអាសន្ន។ មេដឹកនាំដែលកាន់អំណាចបានយូរបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលរូបនេះ ត្រូវបានគេដឹងថា លោកធ្លាប់ទទួលការវះកាត់ជាច្រើនលើកក្នុងអំឡុងពេលកាន់តំណែង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
