ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា មេដឹកនាំអ៊ីស្រាអែល និងលីបង់ នឹងមកបំពេញទស្សនកិច្ចនៅសេតវិមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាសញ្ញាវិជ្ជមានសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។

ថ្លែងក្នុងសេតវិមាន លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រធានាធិបតីលីបង់ Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងបំពេញទស្សនកិច្ច ខណៈអាមេរិកសង្ឃឹមថាសន្តិភាពជានិរន្តរ៍នឹងលេចចេញជារូបរាង។
ការប្រកាសនេះកើតឡើងបន្ទាប់ពីលោកត្រាំបានប្រកាសបន្តបទឈប់បាញ់រយៈពេល៣សប្តាហ៍ទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៃប្រទេសលីបង់។ លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា កិច្ចប្រជុំបានដំណើរការយ៉ាងល្អប្រសើរ។
ទោះជាយ៉ាងណា អ៊ីស្រាអែលបានព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារវិញភ្លាមៗ ប្រសិនបើក្រុមហេសបូឡារំលោភបទឈប់បាញ់ ឬព្យាយាមដឹកជញ្ជូនសព្វាវុធ៕
អត្ថបទ៖ សុខ សុវណ្ណ
