ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដោយទទួលបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ បានបើកកិច្ចស្រាវជ្រាវករណីលួចដោយមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ១៥ នាទី នៅចំណុចលើផ្លូវលេខ ១៤៥ ក្នុងភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។

លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបរសេដ្ឋ បានបញ្ជាក់ថា ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រមាណ ១ ក្រុម បានជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ដោយប្រើអាវុធជាដាវ ធ្វើសកម្មភាពជិះតាមជនរងគ្រោះ រួចធាក់ផ្ដួលម៉ូតូជនរងគ្រោះ ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-6720 របស់ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្រស់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួចទាញដាវដេញកាប់ប្លន់យកម៉ូតូទៀតផង។

ដោយអនុវត្តតាមវិធានការជំនាញរបស់សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធបានចំនួន ៥ នាក់ និងដកហូតមធ្យោបាយសរុបម៉ូតូចំនួន ៥ គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥ នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់បន្ត។

