យោងតាមអ៊ីម៉ែលបែកធ្លាយដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ យកមកផ្សាយលាតត្រដាងបានបង្ហាញថា សហរដ្ឋអាមេរិក ចង់ដកប្រទេសអេស្ប៉ាញចេញពីអង្គការណាតូ ព្រោះតែភាពរកាំរកូស និងការមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោននិយាយចំៗថា អេស្ប៉ាញពិបាកនិយាយគ្នាពេក។

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណបានបង្ហើបពីវិធានការដាក់ទណ្ឌកម្មប្រទេសទាំងឡាយណាដែលមិនគាំទ្រខ្លួនសម្រាប់សង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះអេស្ប៉ាញគឺជាមុខសញ្ញាធំជាងគេ។
អ៊ីម៉ែលបែកធ្លាយនោះបង្ហាញថា ក្នុងចំណោមវិធានការក្តៅរួមមាន ការព្យួរតំណែងប្រទេសដែលពិបាកនិយាយគ្នាពីតួនាទីសំខាន់ៗនៅក្នុងប្លុកណាតូ ក៏ដូចជាការដកសមាជិកភាពរបស់អេស្ប៉ាញជាបណ្តោះអាសន្នផងដែរ។
ពេលអាមេរិកនិងអ៊ីរ៉ង់ផ្ទុះសង្គ្រាមខ្លាំង មានប្រទេសអឺរ៉ុបមួយចំនួនបានបដិសេធឲ្យលោក ដូណាល់ ត្រាំ ប្រើទឹកដីរបស់ពួកគេធ្វើជាមូលដ្ឋានសម្រាប់វាយប្រហារទីក្រុងតេហេរ៉ង់ ខណៈប្រទេសដែលចេញមុខជំទាស់ខ្លាំងជាងគេគឺអេស្ប៉ាញនេះតែម្តង។
ឆ្លើយតបទៅការគំរាមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez អះអាងថា៖ «អេស្ប៉ាញគឺជាដៃគូដ៏ស្មោះត្រង់របស់ណាតូ ប៉ុន្តែរាល់សកម្មភាពយោធាត្រូវតែធ្វើឡើងនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដធ្វើការផ្អែកលើឯកសារផ្លូវការ មិនមែនផ្អែកលើសារអ៊ីមែលដែលលេចធ្លាយនោះទេ»។
ជុំវិញរឿងនេះដែរ អ្នកជំនាញផ្នែកច្បាប់កត់សម្គាល់ថា សន្ធិសញ្ញាបង្កើតអង្គការណាតូ មិនមានយន្តការសម្រាប់ការព្យួរ ឬការបណ្ដេញសមាជិកចេញនោះទេ។ ដូច្នេះ ការគំរាមកំហែងរបស់អាមេរិកអាចគ្រាន់តែជាសម្ពាធផ្នែកនយោបាយ ដើម្បីបង្ខំឲ្យអេស្ប៉ាញ និងប្រទេសផ្សេងទៀតផ្លាស់ប្តូរជំហរប៉ុណ្ណោះ៕
