រថយន្តប៉ូលិសចតចោលគ្មានភ្លើងសញ្ញា ត្រូវរថយន្ត CHEVROLET បើកបុកពីក្រោយខ្ទេចខ្ទី ករណីនៅផ្លូវជាតិលេខ១

រថយន្តប៉ូលិសចតចោលគ្មានភ្លើងសញ្ញា ត្រូវរថយន្ត CHEVROLET បើកបុកពីក្រោយខ្ទេចខ្ទី ករណីនៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១១:២០ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបណ្ដាលឱ្យរថយន្តចំនួនពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសធ្ងន់ឡើយ។

រថយន្តក្រោយបុក

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ផ្លាកលេខ នគ បាល 2.0798 ចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ១ ដោយគ្មានការដាក់ភ្លើងសញ្ញាចរាចរណ៍ព្រមានអ្វីឡើយ។

រថយន្ត Camry Hybrid

ភ្លាមៗនោះ ស្រាប់តែមានរថយន្តម៉ាក CHEVROLET TRACKER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9942 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

រថយន្ត CHEVROLET TRACKER

នៅពេលបើកមកដល់ចំណុចកើតហេតុ បុរសរូបនេះបានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត Camry Hybrid ដែលចតនៅលើចំណីផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ការខូចខាតរថយន្ត

ក្រោយពេលកើតហេតុ ដោយសារតែអ្នកបើកបររថយន្ត CHEVROLET TRACKER ទទួលស្គាល់កំហុសរបស់ខ្លួន ភាគីទាំងពីរបានចរចាគ្នា ហើយម្ចាស់រថយន្ត CHEVROLET ក៏បានព្រមសងសំណងដល់ម្ចាស់រថយន្ត Camry Hybrid ពាក់ផ្លាកលេខនគរបាល ដើម្បីបញ្ចប់រឿងគ្នានៅកន្លែងកើតហេតុ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចឡើយ។

ទិដ្ឋភាពក្រោយកើតហេតុ

គ្រោះថ្នាក់នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះមួយរយៈពេល ប៉ុន្តែសំណាងល្អដែលគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ មន្ត្រីជំនាញបានអំពាវនាវដល់អ្នកបើកបរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ព្រមទាំងត្រូវដាក់ភ្លើងសញ្ញាព្រមានពេលចតយប់ដើម្បីការពារគ្រោះថ្នាក់។

ទិដ្ឋភាពចុងក្រោយ

administrator

Related Articles