ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់បានរថយន្តដឹកជញ្ជូនស្លាបមាន់បង្កកខុសច្បាប់ទម្ងន់ជាង ៥០០ គីឡូក្រាម ដែលត្រូវបាននាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ។ វត្ថុតាងទាំងអស់ត្រូវបានដុតកម្ទេចចោល ខណៈអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់យ៉ាងសកម្ម។ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកវរសេនីយ៍ឯក រស់ អៀម សហការជាមួយមន្ត្រីបសុព្យាបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានដេញស្ទាក់ឃាត់រថយន្ត Toyota Camry មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

សមត្ថកិច្ចរកឃើញវត្ថុតាងក្នុងរថយន្តនោះមាន ស្លាបមាន់បង្កកចំនួន ៥២៨ គីឡូក្រាម ដែលលួចលាក់នាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចចម្រុះបានយកសាច់បង្កកទាំងអស់ទៅដុតកម្ទេចចោល នៅចំណុចដីឡូត៍ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្នុងគោលបំណងការពារសុខភាពសាធារណៈ។

គួរបញ្ជាក់ថា តំបន់ព្រំដែនស្រុកម៉ាឡៃ (ប្រឈមនឹងណងពឺ និងក្លងណាំសៃ ប្រទេសថៃ) តែងត្រូវបានរិះគន់ថាជាចំណុចក្ដៅនៃបទល្មើសឆ្លងដែន រួមមានការនាំចេញទំនិញខុសច្បាប់ និងពលករចំណាកស្រុក។ ប្រភពព័ត៌មានបានលើកឡើងថា ក្រុមឈ្មួញមួយចំនួនមានការរតូវរូវគ្នាជាមួយកម្លាំងជំនាញ លួចនាំចូលទំនិញចាប់ហ៊ួយគ្រប់ប្រភេទពីប្រទេសថៃ មកចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្ដាខេត្តនានា។

បច្ចុប្បន្ននេះ តាមផ្សារក្រុងប៉ោយប៉ែត និងផ្សារស្រុកម៉ាឡៃ សុទ្ធតែសំបូរទៅដោយទំនិញសៀមដែលនាំចូលដោយខុសច្បាប់ ដែលជាបញ្ហាប្រឈមដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងស្រុក។




ដោយ ៖ វណ្ណា
