បុកទៀតហើយ! សមត្ថកិច្ចវាយឆ្មក់ទីតាំង Online Scams ក្នុងបុរីជារី ឃាត់ខ្លួនជនបរទេស១២នាក់ ដំណើរការក្លែងបន្លំលក់កញ្ចប់ទេសចរណ៍

បុកទៀតហើយ! សមត្ថកិច្ចវាយឆ្មក់ទីតាំង Online Scams ក្នុងបុរីជារី ឃាត់ខ្លួនជនបរទេស១២នាក់ ដំណើរការក្លែងបន្លំលក់កញ្ចប់ទេសចរណ៍

ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តវាយលុកទីតាំងខ្មៅងងឹតមួយទៀត ដែលប្រើប្រាស់ទឹកដីកម្ពុជាជាទីជ្រកកោនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៨:២៥នាទី ស្ថិតនៅក្នុងបូរីជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការបង្ក្រាបទីតាំង Online Scams

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោក សក់ ច័ន្ទកញ្ញារិទ្ធ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ និងមានការសម្របសម្រួលពី លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៦J ផ្លូវ០៧ ក្នុងសង្កាត់ចោមចៅទី២។

នៅក្នុងការវាយឆ្មក់នេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិបង់ក្លាដែសចំនួន១២នាក់ ដែលកំពុងប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញ។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងសំខាន់ៗជាច្រើនរួមមាន៖ ម៉ូនីទ័រចំនួន ១៣គ្រឿង, កុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ធុង CPU ចំនួន ១១គ្រឿង និងលិខិតឆ្លងដែនចំនួន ១៤ក្បាល ដែលត្រូវបានរក្សាទុកនៅក្នុងបន្ទប់ជាន់ទី១។

វត្ថុតាងដែលរឹបអូសបាន

តាមលទ្ធផលកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅសំដៅទៅលើជនរងគ្រោះនៅក្នុងប្រទេសបង់ក្លាដេស និងប្រទេសដទៃទៀត។

ជនសង្ស័យនិងសម្ភារៈប្រព្រឹត្តបទល្មើស

ការបង្ក្រាបជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា ក្នុងការបោសសម្អាតបទល្មើសអន្តរជាតិគ្រប់ប្រភេទឲ្យអស់ពីទឹកដីកម្ពុជា ដោយប្រកាន់យកច្បាប់ជាធំ និងឈរលើផលប្រយោជន៍ជាតិ។ សូមសាធារណជនទាំងអស់ចូលរួមគាំទ្រ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ដោយ៖ សិលា

administrator

Related Articles