ភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោនកំពុងផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញមុខបដិសេធយ៉ាងដាច់អហង្ការនូវសេចក្តីថ្លែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងថា អ៊ីរ៉ង់កំពុងជួបវិបត្តិបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក Pezeshkian បានសរសេរយ៉ាងច្បាស់លាស់នៅលើបណ្តាញសង្គម X ថា នៅក្នុងប្រទេសអ៊ីរ៉ង់គ្មានការបែងចែកជាក្រុមនិយមកណ្តាល ឬក្រុមជ្រុលនិយមឡើយ ផ្ទុយទៅវិញ ប្រជាជនទាំងអស់សុទ្ធតែជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍តែមួយ ដែលមានសាមគ្គីភាពរឹងមាំដូចដែកថែប។

ការបកស្រាយនេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយអះអាងថា អ៊ីរ៉ង់កំពុងជួបជម្លោះផ្ទៃក្នុងរវាងក្រុមអ្នកកាន់អំណាចផ្តាច់ការ និងក្រុមនិយមកណ្តាល។ លោកត្រាំថែមទាំងចំអកថា អ៊ីរ៉ង់កំពុងវឹកវររហូតមិនដឹងថាអ្នកណាជាមេដឹកនាំពិតប្រាកដ។ លើសពីនេះ លោកក៏អះអាងទៀតថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងច្រកសមុទ្រហ័រមូសទាំងស្រុង ដោយមិនអនុញ្ញាតឲ្យនាវាណាឆ្លងកាត់ឡើយ លុះត្រាតែអ៊ីរ៉ង់ព្រមធ្វើកិច្ចព្រមព្រៀង។
ជាការឆ្លើយតបវិញ មេដឹកនាំអ៊ីរ៉ង់បានប្តេជ្ញាថា ទីក្រុងតេហេរ៉ង់នឹងធ្វើឲ្យ «អ្នកឈ្លានពាន» ស្តាយក្រោយ ដោយសង្កត់ធ្ងន់លើពាក្យស្លោកថា អ៊ីរ៉ង់មានព្រះតែមួយ ប្រជាជាតិតែមួយ មេដឹកនាំតែមួយ និងដើរលើវិថីតែមួយ ឆ្ពោះទៅរកជ័យជម្នះ។

គួររំលឹកថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហាររួមគ្នាលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។ អ៊ីរ៉ង់បានសងសឹកវិញដោយវាយប្រហារលើអ៊ីស្រាអែល និងរឹតបន្តឹងច្រកសមុទ្រហ័រមូស។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ លោកត្រាំបានពន្យារពេលបទឈប់បាញ់ ដែលគេមើលឃើញថាជាឱកាសចុងក្រោយសម្រាប់ការចរចាដោះស្រាយវិបត្តិនេះ។
