NYT បង្ហើបអាថ៌កំបាំង៖ មេដឹកនាំកំពូលអ៊ីរ៉ង់រងរបួសធ្ងន់ ត្រូវដាក់ជើងសិប្បនិម្មិត និងវះកាត់មុខ

NYT បង្ហើបអាថ៌កំបាំង៖ មេដឹកនាំកំពូលអ៊ីរ៉ង់រងរបួសធ្ងន់ ត្រូវដាក់ជើងសិប្បនិម្មិត និងវះកាត់មុខ

ការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពី The New York Times កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបង្ហើបពីស្ថានភាពពិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលបានឡើងកាន់តំណែងបន្តពីឪពុក។ របាយការណ៍បានឱ្យដឹងថា លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅកន្លែងសម្ងាត់ ដោយកាត់ផ្តាច់ទំនាក់ទំនងពីពិភពខាងក្រៅស្ទើរតែទាំងស្រុង។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានអះអាងថា ស្មារតីរបស់លោកនៅតែរឹងមាំ ប៉ុន្តែស្ថានភាពរាងកាយមានសភាពធ្ងន់ធ្ងរណាស់។ ជើងម្ខាងរបស់លោកត្រូវវះកាត់ដល់ទៅ៣ដង និងកំពុងរង់ចាំការដាក់ជើងសិប្បនិម្មិត ខណៈដៃក៏ត្រូវបានវះកាត់ដែរ។ អ្វីដែលរឹតតែពិបាកនោះ គឺផ្ទៃមុខ និងបបូរមាត់របស់លោកត្រូវរងការរលាកខ្លាំង ដែលធ្វើឱ្យលោកពិបាកនិយាយស្តី។ ហេតុផលនេះហើយដែលលោកមិនដែលបង្ហាញមុខជាសាធារណៈ តាំងពីឡើងកាន់អំណាចមក ព្រោះមិនចង់ឱ្យពិភពលោកឃើញរូបភាពទន់ខ្សោយរបស់មេដឹកនាំកំពូលក្នុងកាលៈទេសៈដ៏តានតឹងនេះ។

ដោយសារតែការលាក់ខ្លួន ប្រព័ន្ធគ្រប់គ្រងអំណាចនៅអ៊ីរ៉ង់បានប្រែប្រួលទាំងស្រុង។ ការផ្ញើសារទាក់ទងជាមួយមេដឹកនាំត្រូវធ្វើឡើងតាមរយៈ «សំបុត្រសរសេរដោយដៃ» ដែលច្រកក្នុងស្រោមសំបុត្របិទជិត រួចបញ្ជូនបន្តៗគ្នាពីម្នាក់ទៅម្នាក់ តាមរយៈអ្នកជិះឡាន និងម៉ូតូ រហូតដល់កន្លែងលាក់ខ្លួន។ សូម្បីតែមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលក៏មិនហ៊ានទៅសួរសុខទុក្ខលោកដែរ ព្រោះខ្លាចអ៊ីស្រាអែលតាមដានដឹងពីទីតាំង ហើយបើកការវាយប្រហារសម្លាប់មេដឹកនាំរូបនេះ។

នៅពេលដែលមេដឹកនាំកំពូលពិបាកក្នុងការទាក់ទង ឥទ្ធិពលនៃការសម្រេចចិត្តបានធ្លាក់ទៅលើក្រុមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្នលោក Mojtaba ប្រៀបដូចជាប្រធានក្រុមប្រឹក្សាភិបាលដែលនៅពីក្រោយខ្នង ប៉ុន្តែមេទ័ពគឺជាអ្នកសម្រេចចិត្តរាល់កិច្ចការសង្គ្រាម ការទូត និងសន្តិសុខជាតិ។ នេះជាការផ្លាស់ប្តូរដ៏ធំមួយ ពីសម័យឪពុករបស់លោក ដែលអំណាចដាច់ខាតស្ថិតលើបុគ្គលតែម្នាក់។

ការឡើងកាន់អំណាចរបស់ក្រុមមេទ័ពនេះ ក៏បានធ្វើឱ្យមេដឹកនាំស៊ីវិលដូចជាលោកប្រធានាធិបតី Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស ត្រូវដើរតួបន្ទាប់បន្សំ និងផ្តោតតែលើការងារក្នុងស្រុកប៉ុណ្ណោះ។ សូម្បីតែគម្រោងចរចាជាមួយសហរដ្ឋអាមេរិកក៏ត្រូវបានដួលរលំដែរ ដោយសារក្រុមមេទ័ពបានជំទាស់។

ទោះបីជាលោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា អ៊ីរ៉ង់កំពុងមានការប្តូររបបក៏ដោយ ប៉ុន្តែរបាយការណ៍បង្ហាញថា ប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់នៅតែរឹងមាំ គ្រាន់តែវាបានប្តូររូបរាង។ អំណាចមិនបានបាត់បង់ទៅណាទេ គ្រាន់តែផ្ទេរពីមេដឹកនាំតែម្នាក់ មកជាការសម្រេចចិត្តរួមគ្នារបស់ក្រុមមេទ័ព ហើយការបញ្ជាការត្រូវបានធ្វើឡើងដោយសម្ងាត់បំផុត ដើម្បីធានាសុវត្ថិភាពពីការតាមប្រមាញ់របស់សត្រូវ៕

ប្រែសម្រួល៖ ឈាង

administrator

Related Articles