ឥណ្ឌូណេស៊ីបោះជំហានយ៉ាងធំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ ដោយប្រកាសគម្រោងសាងសង់បណ្តាញផ្លូវរថភ្លើងយក្សប្រវែង ១៤ ០០០ គីឡូម៉ែត្រ សាងលើកោះធំៗចំនួនបីគឺ ស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងស៊ូឡាវេស៊ី ក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ។
យោងតាមកាសែត Jakarta Globe ចុះផ្សាយនៅថ្ងៃទី២៤ មេសា រដ្ឋមន្ត្រីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់ លោក Agus Harimurti Yudhoyono បានបញ្ជាក់ថា គម្រោងមហិមានេះត្រូវការវិនិយោគប្រមាណ ១ ២០០ ទ្រីលានរូពី ឬប្រហែល ៦៩,៤ ពាន់លានដុល្លារ។

លោក Agus បានថ្លែងថា៖ «តួលេខនេះមានចំនួនច្រើន ប៉ុន្តែវាគឺជាការវិនិយោគរយៈពេលវែងលើអនាគតរបស់ប្រទេសឥណ្ឌូណេស៊ី» ដោយគម្រោងនឹងប្រើប្រាស់ទាំងថវិការដ្ឋ និងការវិនិយោគពីវិស័យឯកជន។ ការសាងសង់នេះរួមមានផ្លូវដែក ៧ ៨៣៧ គ.ម. នៅស៊ូម៉ាត្រា, ២ ៧៧២ គ.ម. នៅកាលីម៉ាន់តាន់ និង ៣ ២៨៤ គ.ម. នៅស៊ូឡាវេស៊ី។

គួរបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវរថភ្លើងនៅឥណ្ឌូណេស៊ីដើរតួនាទីតិចតួច ដោយរួមចំណែកត្រឹមតែ ៤% នៃការដឹកជញ្ជូនអ្នកដំណើរ និង ១% នៃការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ លោក Agus បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីត្រូវការ «ខិតខំប្រឹងប្រែង និងមានយុទ្ធសាស្ត្រជាងមុន» ដើម្បីពង្រីកបណ្តាញផ្លូវដែកឱ្យស្មើប្រទេសដទៃ៕
