ភ្នំពេញ៖ ស្រ្តីជនជាតិទួរគីរូបមួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានធ្វើសកម្មភាពបិទផ្លូវសាធារណៈ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងដំណំ នៅវេលាម៉ោង ០៧:១៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរាយការណ៍មកសមត្ថកិច្ច រហូតដល់កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងនាំខ្លួនស្រ្តីរូបនេះទៅកាន់ប៉ុស្តិ៍នគរបាលសម្រាប់សាកសួរ។
ក្រោយការសាកសួរ ស្រ្តីឈ្មោះ GULCAN KARACA អាយុ ២៦ឆ្នាំ សញ្ជាតិទួរគី មុខរបរអ្នកទេសចរ បានឲ្យដឹងថា ខ្លួនធ្លាប់បានទៅស្ថានទូតទួរគីនៅតាមផ្លូវលេខ២៥៤ សង្កាត់ចតុមុខ ជាច្រើនលើកដើម្បីសុំជំនួយរៀបចំបែបបទត្រឡប់ស្រុកវិញ តែដំណើរការយឺតយ៉ាវ។ នៅថ្ងៃកើតហេតុ ខ្លួនបានផឹកស្រាស្រវឹង និងបាត់បង់លិខិតឆ្លងដែនផងដែរ។
ក្រោយសមត្ថកិច្ចទាក់ទងទៅស្ថានទូតទួរគី មន្ត្រីស្ថានទូតបានទទួលស្គាល់ជនរងគ្រោះ និងស្នើសុំយកទៅស្នាក់នៅក្នុងស្ថានទូតដើម្បីរៀបចំបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញតាមនីតិវិធី។ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ ឲ្យគោរពច្បាប់ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការប្រើប្រាស់ផ្លូវ ដើម្បីចៀសវាងបញ្ហាកកស្ទះ និងហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាពសង្គម៕
