អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៥ពាន់ប័ណ្ណ ជូនប្រជាពលរដ្ឋឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងជំរុញការអភិវឌ្ឍន៍

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៥ពាន់ប័ណ្ណ ជូនប្រជាពលរដ្ឋឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងជំរុញការអភិវឌ្ឍន៍

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងចំនួន ៤ភូមិ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី

ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិ

លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានអញ្ជើញជាអធិបតី និងគាំទ្រទាំងស្មារតី ថវិកា និងសម្ភារៈដល់ការអភិវឌ្ឍក្នុងស្រុក។ លោកបានជម្រាបថា ស្រុកតាលោសែនជ័យជាស្រុកថ្មីបង្កើតឡើងនៅឆ្នាំ២០១៩ មាន ២ឃុំ ៣៥ភូមិ និងប្រជាជនសរុប ៤៧,៤៨៥នាក់ ក្នុងនោះ ៧៩% ជាកសិករ។

អាជ្ញាធរ និងប្រជាពលរដ្ឋ

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្តមានកម្លាំងសរុប ១៥០នាក់ ចែកជា ០៦ក្រុម។ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់មានក្បាលដីប៉ាន់ស្មានសរុប ៤៥៤,៥៦០ក្បាលដី ដោយសម្រេចបានការវាស់វែង និងវិនិច្ឆ័យ ១០០% លើ ៤៤៦,៥៦០ក្បាលដី។

ពិធីចែកប័ណ្ណ

នៅឃុំផ្ទះរុង ក្រុមការងារសម្រេចបានការវាស់វែង និងវិនិច្ឆ័យ ៤៣,១២០ក្បាលដី និងចេញប័ណ្ណបាន ១១,១០៦ប័ណ្ណ។ ថ្ងៃនេះចែកប័ណ្ណសរុប ៥,២៩៦ប័ណ្ណក្នុងភូមិចំនួន ៤ រួមមានភូមិកោះស្វាយ ភូមិតាសាស់ ភូមិក្រញាំ និងភូមិព្រៃកន្លង់ ដែលភាគច្រើនជាប្រភេទដីអំណោយពីរដ្ឋ។

លោកអភិបាលខេត្តថ្លែងសុន្ទរកថា

លោក ខូយ រីដា បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសង្កត់ធ្ងន់ថា ការចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់ក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែជាការផ្តល់សិទ្ធិអំណាច និងសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំជូនប្រជាពលរដ្ឋ។ នេះជាផ្លែផ្កានៃគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ដីធ្លី ដើម្បីលុបបំបាត់វិវាទ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

ប្រជាពលរដ្ឋរីករាយទទួលប័ណ្ណ

លោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យរក្សាប័ណ្ណនេះឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្មដែលអាចយកទៅប្រើប្រាស់ជាទុនពង្រីកមុខរបរ ឬទុកជាមរតកសម្រាប់កូនចៅ។ សូមលើកទឹកចិត្តឱ្យបងប្អូនខិតខំបង្កបង្កើនផលលើដីដែលខ្លួនមានកម្មសិទ្ធិ ដើម្បីលើកកម្ពស់ជីវភាព និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។

ពិធីប្រគល់ប័ណ្ណ

ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណបានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ដែលបានសម្របសម្រួលបញ្ចប់ការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិយ៉ាងលឿន និងមានតម្លាភាព ធ្វើឱ្យពួកគាត់លែងព្រួយបារម្ភពីបញ្ហាទំនាស់ដីធ្លីទៀតហើយ៕

បរិយាកាសក្នុងពិធី
ពិធីចែកប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋអបអរ

ដោយ៖ តារា

administrator

Related Articles