ខេត្តព្រះវិហារ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំដល់យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ដែលឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំបែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តព្រះវិហារ» នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

វេទិកានេះមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., លោកប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., លោកប្រធានយុវជនគណបក្សខេត្តព្រះវិហារ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែន នៃគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ សរុបអ្នកចូលរួមចំនួន ៥៤៦ រូប។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តព្រះវិហារសម្រេចបានក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត។

ជាមួយគ្នានេះ លោកបណ្ឌិតប្រធានក៏បានជម្រាបអង្គវេទិកាពីការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស ក៏ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ ព្រមជាមួយការដាក់ចេញនូវយន្តការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការទូត និងច្បាប់អន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មាននៅគ្រប់បណ្តាញសង្គមពីការពិតនៃការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់។

លោកបណ្ឌិតបានបន្តថា យុវជនគ្រប់បណ្តាថ្នាក់ត្រូវបន្តក្តាប់ជាប់សភាពការណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអប់រំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស។

លោកបណ្ឌិតបានណែនាំយុវជនត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី និងត្រូវរួមកម្លាំងសាមគ្គីជាតិការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ។ លោកបន្ថែមថា យុវជនត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុក។
ជាចុងក្រោយ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំយុវជនត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យគាំទ្រវីរៈកងទ័ពជួរមុខ និងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលញុះញង់ អុជអាល លាភពណ៌ មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា និងមុតស្រួច។
ប្រភព៖ (CCFR)
