លោកត្រាំអញ្ជើញលោកពូទីនមក Miami សម្រាប់កិច្ចប្រជុំកំពូល G20 ខាងមុខនេះ

លោកត្រាំអញ្ជើញលោកពូទីនមក Miami សម្រាប់កិច្ចប្រជុំកំពូល G20 ខាងមុខនេះ

អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកនឹងអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami រដ្ឋ Florida នៅខែធ្នូខាងមុខនេះ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា រូបលោកផ្ទាល់មិនប្រាកដឡើយថា លោកពូទីន នឹងអញ្ជើញចូលរួមឬក៏អត់នោះទេ។

ការអញ្ជើញនេះអាចនឹងក្លាយជាការបន្ធូរបន្ថយសម្ពាធអន្តរជាតិដ៏ធំមួយលើលោក ពូទីន ដែលត្រូវបានមេដឹកនាំលោកខាងលិចភាគច្រើនមិនអើពើ លើកលែងតែលោក ត្រាំ ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមលុកលុយអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកត្រាំ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «គ្រប់សមាជិក G20 ទាំងអស់នឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ»

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានជុំវិញការអញ្ជើញលោក ពូទីន លោក ត្រាំ បានឆ្លើយថាលោកមិនប្រាកដនោះទេ ប៉ុន្តែបានបញ្ជាក់ថា លោកគាំទ្រការអញ្ជើញនេះ ហើយវាជារឿងល្អប្រសិនបើមេដឹកនាំរុស្ស៉ីពិតជាអញ្ជើញចូលរួមមែននោះ។

គួរបញ្ជាក់ថា លោក ពូទីន បានខកខានចូលរួមកិច្ចប្រជុំកំពូល G20 ចាប់តាំងពីឆ្នាំ២០១៩ ដោយដំបូងឡើយបណ្ដាលមកពីវិបត្តិកូវីដ១៩ និងក្រោយមកដោយសារសង្រ្គាមអ៊ុយក្រែន៕

administrator

Related Articles