ក្នុងចំណោមអ្នកនាំចេញកំពូលទាំង ៣០ របស់ពិភពលោក សេដ្ឋកិច្ចអាស៊ីចំនួន ១១ ត្រូវបានដាក់ឈ្មោះ រួមមានសិង្ហបុរី (ទី១៤) និងថៃ (ទី២៥) នេះបើតាមចំណាត់ថ្នាក់របស់ Statista ដែលចងក្រងទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ប្រទេសចិននៅតែរក្សាតំណែងជាមហាអំណាចនាំចេញលេខមួយរបស់ពិភពលោក ដោយមានទឹកប្រាក់សរុបប្រហែល ៣.៨ ទ្រីលានដុល្លារកាលពីឆ្នាំមុន ដែលគាំទ្រដោយបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយ។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានការនាំចេញលើសពី ២.២ ទ្រីលានដុល្លារ ជំរុញដោយផលិតផលសំខាន់ៗដូចជា រថយន្ត ប្រេង សណ្តែកសៀង និងទំនិញវេជ្ជសាស្រ្ត។
ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការនាំចេញប្រហែល ១.៨ ពាន់ពាន់លានដុល្លារ បន្ទាប់មកគឺហូឡង់ (៩៨៩ ពាន់លានដុល្លារ) ហុងកុង (៧៥៤ ពាន់លានដុល្លារ) ជប៉ុន (៧៣៨ ពាន់លានដុល្លារ) អ៊ីតាលី (៧២៦ ពាន់លានដុល្លារ) និងកូរ៉េខាងត្បូង (៧០៩ ពាន់លានដុល្លារ)។

គួរបញ្ជាក់ថា វៀតណាមបានក្លាយជាសេដ្ឋកិច្ចនាំចេញធំជាងគេទី ១៨ របស់ពិភពលោក ដោយមានប្រាក់ចំណូលជិត ៤៧៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ការនាំចេញរបស់វៀតណាមឈានដល់ ៤៧០ ពាន់លានដុល្លារជាលើកដំបូងកាលពីឆ្នាំមុន បន្ទាប់ពីកើនឡើងជាង ១៦% ពីឆ្នាំ ២០២៤ ដោយកត់ត្រាអតិរេកពាណិជ្ជកម្មជាង ២០ ពាន់លានដុល្លារ ដែលជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
កំណើននេះត្រូវបានជំរុញដោយការនាំចេញសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិច កុំព្យូទ័រ ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ។ ពាណិជ្ជកម្មសរុបរបស់វៀតណាមបានពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកើនឡើងពី ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ ៩៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ១ ទ្រីលានដុល្លារក្នុងពេលឆាប់ៗនេះ។
