បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបអគារប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យប្រមាណ៣០០នាក់ និងរកឃើញសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងចុះបង្ក្រាបអគារចំនួន២អគារ ស្ថិតនៅជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ។

លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញជនបរទេសចម្រុះជាតិសាសន៍ជាច្រើន និងឃាត់ខ្លួនមនុស្សប្រមាណ៣០០នាក់ ព្រមទាំងរកឃើញឧបករណ៍សម្ភារៈមួយចំនួនដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមច្បាប់ ដើម្បីស្រាវជ្រាវបន្ថែមនិងចាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំងអស់។


