ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចុះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈថ្នាក់ដឹកនាំកំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា។

ការបញ្ជានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ការកោតសរសើរពីថ្នាក់ដឹកនាំ ជាពិសេសលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងទាំងអស់។

លោកបានគូសបញ្ជាក់ថា ស្របតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថា «មន្ត្រីរាជការ ជាអ្នកបម្រើរាស្ត្រ» នោះ កងកម្លាំងពិតជាបានអនុវត្តការងារបានល្អប្រសើរ។

ជាក់ស្តែង សម្រាប់ពិធីបុណ្យនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញ បានដំណើរការដោយរលូន ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថាន ដែលទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ។

ចំពោះការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំផងដែរ។ ដូច្នេះ លោក ឃួង ស្រេង បានជំរុញឱ្យកងកម្លាំងទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសប្រភេទនេះឱ្យអស់ពីសង្គម។

ដោយ៖ សំរិត
