ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ខ្នាតធំមួយ នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា (OMG) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញចម្រុះ រួមមាន៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត, អន្តោប្រវេសន៍, ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, វរនគរបាលការពារព្រំដែនលេខ ៦០៩, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩៦នាក់ (ស្រី ២២នាក់) ក្នុងនោះរួមមាន៖
- ជនជាតិចិន៖ ៧នាក់
- ជនជាតិវៀតណាម៖ ៧៨នាក់ (ស្រី ១៨នាក់)
- ជនជាតិខ្មែរ៖ ១១នាក់ (ស្រី ៤នាក់)

វត្ថុតាងដកហូតរួមមាន៖ រថយន្តចំនួន ២គ្រឿង, ម៉ូតូ ៥គ្រឿង, កុំព្យូទ័រលើតុ ២៤៩គ្រឿង, Laptop ៣គ្រឿង, ធុង CPU ១២គ្រឿង, ទូរស័ព្ទដៃចម្រុះ ៧០៦គ្រឿង និងដំបក់ឆក់ ១ដើម។

បន្ទាប់ពីការត្រួតពិនិត្យ ក្រុមការងារចម្រុះបានសម្រេច បិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីបន្តចាត់ការតាមច្បាប់។
