
រាជធានីភ្នំពេញ ៖ អគារ BAOLI INTER CITY ស្ថិតនៅខណ្ឌ៧មករា ត្រូវបានក្រុមការងារចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នាវេលាយប់ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន៤០នាក់ និងដកហូតសម្ភារៈភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកសេង ហៀង ព្រះរាជអាជ្ញារង។ ការឆែកឆេរនេះធ្វើឡើងនៅចំណុចភូមិ៣ សង្កាត់វាលវង់ ដោយរកឃើញសកម្មភាពល្មើសច្បាប់ចំនួន៣ករណីផ្សេងគ្នា។

ជាលទ្ធផលនៃការឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញករណីទី១៖ ឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យ ២២នាក់ (ចិន ២០នាក់ និងរុស្ស៊ី ២នាក់) ដកហូតទូរសព្ទដៃ ៥២៨គ្រឿង, កុំព្យូទ័រលើតុ ៣៥គ្រឿង, ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃជាច្រើនទៀត។

ករណីទី២៖ ប្រើប្រាស់រូបភាពនារីស្អាតៗបោកប្រាស់លេងល្បែង មានជនសង្ស័យជាជនជាតិបង់ក្លាដេស ១២នាក់ ដកហូតកុំព្យូទ័រយួរដៃ ៥គ្រឿង និងទូរសព្ទដៃមួយចំនួន ដោយក្រុមនេះប្រើរូបភាពនារីដើម្បីទាក់ទាញជនរងគ្រោះឱ្យលេងល្បែងលើគេហទំព័រក្លែងក្លាយ។ ករណីទី៣៖ ស្នាក់នៅខុសច្បាប់ រកឃើញជនបរទេស៦នាក់ (ថៃ, មីយ៉ាន់ម៉ា, វៀតណាម និងចិន) ពុំមានលិខិតឆ្លងដែនជាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យសមត្ថកិច្ចបន្តបង្ក្រាបបទល្មើសនេះដោយគ្មានការលើកលែងឡើយ។


