ឆ្លងចរន្តអគ្គិសនីបង្កឆេះបន្ទប់រៀន ៣ បន្ទប់នៅសាលាមត្តេយ្យ «ឃីង ឃីដ» ខណ្ឌសែនសុខ គ្រូជម្លៀសសិស្សទាន់ពេល

ឆ្លងចរន្តអគ្គិសនីបង្កឆេះបន្ទប់រៀន ៣ បន្ទប់នៅសាលាមត្តេយ្យ «ឃីង ឃីដ» ខណ្ឌសែនសុខ គ្រូជម្លៀសសិស្សទាន់ពេល

ភ្នំពេញ៖ សាលាបង្រៀនថ្នាក់មត្តេយ្យយីហោ «ឃីង ឃីដ» ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ចំនួន ០៣ នៅជាន់ទី ០៤ បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ ដែលបាននាំគ្នាជម្លៀសសិស្សតូចៗចេញមកក្រៅបានដោយសុវត្ថិភាព។

អគ្គិភ័យសាលាឃីង ឃីដ

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:២១ ថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចសាលា «ឃីង ឃីដ» តាមផ្លូវ ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិភ័យសាលាឃីង ឃីដ

តាមការបញ្ជាក់ពីម្ចាស់សាលា មុនកើតហេតុ សិស្សានុសិស្សទើបតែមកដល់សាលារៀន។ ខណៈពេលដែលឡើងទៅលើ ស្រាប់តែភ្លើងឆាបឆេះបន្ទប់ថ្នាក់រៀននៅជាន់ទី ០៤ ផ្សែងហុយខ្មួលខ្មាញ់។ ភ្លាមៗនោះ លោកគ្រូអ្នកគ្រូដែលដឹកដៃសិស្សឡើងទៅលើ ក៏ប្រញាប់ប្រញាល់នាំសិស្សចុះមកក្រោមវិញបានដោយសុវត្ថិភាព និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យឲ្យមកអន្តរាគមន៍។

អគ្គិភ័យសាលាឃីង ឃីដ

ម្ចាស់សាលាបានថ្លែងអំណរគុណដល់ក្រុមកម្លាំងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានី ដែលបានយកចិត្តទុកដាក់ការពារទាន់ពេលវេលា មិនឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អគ្គិភ័យនេះបណ្តាលឲ្យបន្ទប់ចំនួន ០៣ រងការខូចខាតរួមមាន ម៉ាស៊ីនត្រជាក់ ០១ គ្រឿង កង្ហារ ០១ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ កម្លាំងពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់ចំនួន ១៣ គ្រឿង បាញ់ពន្លត់រហូតដល់រលត់ជាស្ថាពរ។ មូលហេតុបង្កអគ្គិភ័យ សមត្ថកិច្ចស្រាវជ្រាវឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

administrator

Related Articles