ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក សេង ម៉ាឡាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ទេព សុខផេង មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពត ឱ្យជាប់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនត្រូវចោទ ទេព សុខផេង ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ទេព សុខផេង បានគប់កែវស្រាលើស្ត្រីអ្នកបម្រើសេវាកម្មចាប់ទឹកកកម្នាក់ឈ្មោះ ថា ទិត្យធូ នៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បណ្ដាលឱ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ ក្រោយពីកើតហេតុ ភាគីជនបង្កបានព្យាយាមសម្របសម្រួលឱ្យជនរងគ្រោះទទួលសំណងចំនួន ២លាន ៥០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង តែខាងជនរងគ្រោះមិនព្រមទទួលឡើយ។

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសង្កត់ធ្ងន់ថា៖ «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។
យោងតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តិដោយមានការគិតទុកជាមុន ប្រើអាវុធ ឬមានមនុស្សច្រើននាក់ជាចារី សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត៕
អត្ថបទ៖ សុខុម
