បង្ក្រាបជនជាតិចិន២នាក់លួចស្លាកលេខរថយន្តក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដកហូតគ្រាប់កាំភ្លើង និងគ្រឿងញៀន

បង្ក្រាបជនជាតិចិន២នាក់លួចស្លាកលេខរថយន្តក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដកហូតគ្រាប់កាំភ្លើង និងគ្រឿងញៀន

កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកោះធំ និងក្រុងសំពៅពូន បានធ្វើការវាយឆ្មក់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធករណីលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋនៅក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមានឈ្មោះ TONG TENG TENG អាយុ៣០ឆ្នាំ និងឈ្មោះ WU ZHONG LIANG អាយុ៣១ឆ្នាំ ជនជាតិចិនទាំងពីរនាក់ ដែលមានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ហើយពួកគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកបក្ខពួក២នាក់ទៀតឈ្មោះ YA ZI និង NAI CHA បានរត់គេចខ្លួន។ ជនរងគ្រោះមានចំនួន៤នាក់ ក្នុងនោះជាគ្រូពេទ្យ៣នាក់ និងកសិករម្នាក់។

លោកអធិការបានបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីទាបភ្លឺថ្ងៃទី២៣ មេសា ក្រុមជនសង្ស័យមានគ្នា៣នាក់បានបើករថយន្តម៉ាក FORD RANGER ពណ៌ស ចូលទៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រួចនាំគ្នាធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តចំនួន៤គ្រឿង បន្ទាប់មកបើករថយន្តគេចខ្លួនទៅទិសខាងត្បូងនៃក្រុងសំពៅពូន។ លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ទើបកម្លាំងសមត្ថកិច្ចសហការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២០និង០០នាទីថ្ងៃដដែល។

ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមានរថយន្តម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7329, ស្លាកលេខរថយន្តចំនួន១០សន្លឹក, ទូរស័ព្ទដៃ២គ្រឿង, ខ្នោះដៃ៤ខ្នោះ, គ្រាប់កាំភ្លើងខ្លី១២គ្រាប់, ដំបងឈើ១ដើម, បង់រុំខ្នាតធំ២ដុំ, ម្សៅក្រាមសថ្លាលាយក្រហម១កញ្ចប់តូចសង្ស័យជាគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ដើម្បីនាំខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

administrator

Related Articles