ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤:៥០នាទី នៅចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបាណន់បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។
ការអនុវត្តនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់។
ជនត្រូវចោទដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ន សុភាព (ហៅពៅ) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរូបនេះត្រូវបានចោទប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានប្រព្រឹត្តនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕
