ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជនជាតិចិនយ៉ាងសាហាវ ដែលបានបើករថយន្តទំនើបចូលទៅលួចដោះយកស្លាកលេខរថយន្តគ្រូពេទ្យ និងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ព្រមទាំងដកហូតស្លាកលេខរាប់សន្លឹក គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីក្រុមជនសង្ស័យបានលួចកាលពីម៉ោង ១ និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់រួមមាន TONG TENG TENG (ប្រុស, ៣០ឆ្នាំ) ជនជាតិចិន និង WU ZHONG LIANG (ប្រុស, ៣១ឆ្នាំ) ជនជាតិចិន ដែលទាំងពីរមានស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកបក្ខពួក ២នាក់ទៀតឈ្មោះ YA ZI (ប្រុស, ៣០ឆ្នាំ) និង NAI CHA (ប្រុស, ៣២ឆ្នាំ) បានរត់គេចខ្លួន។

ដោយឡែកជនរងគ្រោះទាំង ៤នាក់រួមមាន លោក គាង ហុង (ប្រុស, ៥៩ឆ្នាំ) ជាគ្រូពេទ្យ, អ្នកស្រី យ៉ែន ស្រីរដ្ឋ (ស្រី, ៣២ឆ្នាំ) ជាគ្រូពេទ្យ, អ្នកស្រី សឹម ចន្ទ្រារស្មី (ស្រី, ៣០ឆ្នាំ) ជាគ្រូពេទ្យ និងលោក ភឿក យ៉េង (ប្រុស, ៣២ឆ្នាំ) ជាកសិករ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ រថយន្ត ១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7329, ស្លាកលេខរថយន្តចំនួន ១០សន្លឹក (ក្នុងនោះមាន ភ្នំពេញ 2AT-4406, 2BM-2341, 2BX-0236, 2CD-6486 និង 2BT-5247), ទូរស័ព្ទដៃ ២គ្រឿង, ខ្នោះដៃ ៤ខ្នោះ, គ្រាប់កាំភ្លើងខ្លី ១២គ្រាប់, ដំបងឈើ ១ដើម, បង់រុំខ្នាតធំ ២ដុំ, ម្សៅក្រាមសថ្លាលាយក្រហម ១កញ្ចប់តូចសង្ស័យជាគ្រឿងញៀន និងសម្ភារៈមួយចំនួនទៀត។

លោកអធិការបានបញ្ជាក់ថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព ក្រុមជនសង្ស័យមានគ្នា ៣នាក់បានបើករថយន្ត FORD RANGER ចូលក្នុងបរិវេណមន្ទីរពេទ្យ រួចនាំគ្នាលួចដោះយកស្លាកលេខរថយន្ត ៤គ្រឿង មុននឹងគេចខ្លួនឆ្ពោះទៅទិសខាងត្បូងនៃក្រុងសំពៅពូន។ លុះព្រឹកឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងនគរបាលក្រុងសំពៅពូន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។
