នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមប្រព័ន្ធអនឡាញ ដោយក្រុមជនល្មើសប្រើរូបភាពជនអនាមិក លួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ដើម្បីឆបោកជនរងគ្រោះឲ្យផ្ទេរប្រាក់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ថ.ធ ភេទស្រី។ ការស្រាវជ្រាវជំនាញរកឃើញថា ជនសង្ស័យរូបនេះធ្លាប់បម្រើការនៅក្នុងទីតាំងឆបោកតាមអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទផ្ទាល់ខ្លួន ឲ្យទៅក្រុមជនល្មើសប្រើជាមធ្យោបាយប្រព្រឹត្តបទល្មើស។ ជនសង្ស័យក៏បានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោកប្រគល់ឲ្យបក្សពួក ដោយទទួលប្រាក់កម្រៃជើងសារជាថ្នូរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បន្ត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឲ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងការទទួលខុសត្រូវផ្លូវច្បាប់៕
