ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសៅរ៍ (២៥ មេសា) បានសម្តែងការ «ប្រឆាំងយ៉ាងម៉ឺងម៉ាត់» ចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប (EU) ដែលដាក់បញ្ចូលអង្គភាពចិនទៅក្នុងទណ្ឌកម្មជុំទី ២០ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កញ្ចប់ទណ្ឌកម្មរបស់ EU បានកំណត់គោលដៅលើប្រទេសទី៣ ដែលផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យាទំនើបសំខាន់ៗទៅឱ្យរុស្ស៊ី ដោយក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនអង្គភាពដែលមានមូលដ្ឋានចិន ដែលរងការចោទប្រកាន់ពីបទផ្តល់ទំនិញអាចប្រើប្រាស់២យ៉ាង (ស៊ីវិល និងយោធា) ឬប្រព័ន្ធអាវុធ ដល់ឧស្សាហកម្មយោធារបស់រុស្ស៊ី។
ខណៈទាមទារឱ្យដកអង្គភាពចិនចេញពីបញ្ជីជាបន្ទាន់ ក្រសួងពាណិជ្ជកម្មចិនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ទង្វើរបស់ EU គឺ «ផ្ទុយទៅនឹងស្មារតីនៃការឯកភាពគ្នារវាងមេដឹកនាំចិន និងសហភាពអឺរ៉ុប ហើយធ្វើឱ្យខូចដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងស្ថិរភាពរួមនៃទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់ធ្ងរ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រសួងនឹងចាត់វិធានការចាំបាច់ ដើម្បីការពារក្រុមហ៊ុនចិន ហើយ «ផលវិបាកទាំងអស់នឹងត្រូវធ្លាក់លើភាគីសហភាពអឺរ៉ុប»៕
