លោក Hegseth វាយប្រហារផ្លូវចិត្តសម្ព័ន្ធមិត្តអឺរ៉ុប-អាស៊ី ពីបញ្ហាពឹងផ្អែកយោធាអាមេរិកបើកច្រក Hormuz

លោក Hegseth វាយប្រហារផ្លូវចិត្តសម្ព័ន្ធមិត្តអឺរ៉ុប-អាស៊ី ពីបញ្ហាពឹងផ្អែកយោធាអាមេរិកបើកច្រក Hormuz

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងអឺរ៉ុប និងអាស៊ី ជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែមិនមានប្រទេសណាមួយឆ្លើយតបឡើយ។ ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានរិះគន់យ៉ាងខ្លាំងចំពោះបណ្តាប្រទេសទាំងនេះ ដែលនៅតែបន្តពឹងផ្អែកលើយោធាអាមេរិក ដើម្បីដោះស្រាយវិបត្តិច្រកសមុទ្រដ៏សំខាន់នេះ។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក

យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក Hegseth បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអឺរ៉ុប និងអាស៊ីទទួលបានផលប្រយោជន៍ពីការការពាររបស់យើង ប៉ុន្តែពេលវេលានៃការប្រើប្រាស់ដោយសេរីនោះបានបញ្ចប់ទៅហើយ។ អាមេរិក និងពិភពលោកសេរី សមនឹងទទួលបានសម្ព័ន្ធមិត្តដែលមានសមត្ថភាព និងស្មោះត្រង់»។

វិបត្តិច្រក Hormuz

ប្រមុខមន្ទីរបញ្ចកោណរូបនេះបានលើកឡើងទៀតថា ការបិទច្រក Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេង និងឧស្ម័នចេញពីឈូងសមុទ្រពែរ្ស កំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុប និងអាស៊ីពឹងផ្អែកលើប្រេង និងឧស្ម័នពីឈូងសមុទ្រពែរ្សច្រើនជាងសហរដ្ឋអាមេរិកទៅទៀត។

គួរបញ្ជាក់ថា ច្រក Hormuz ត្រូវបានបិទនៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់ក៏បានសងសឹកជាបន្តបន្ទាប់។ វិបត្តិនេះកំពុងបង្កភាពតានតឹងផ្នែកសេដ្ឋកិច្ច និងថាមពលសកលលោកទាំងមូល។

administrator

Related Articles