អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ ១ឧសភា៖ រាជរដ្ឋាភិបាលរៀបចំពិធីដ៏ធំមានអ្នកចូលរួមជាង ៥ពាន់នាក់

អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ ១ឧសភា៖ រាជរដ្ឋាភិបាលរៀបចំពិធីដ៏ធំមានអ្នកចូលរួមជាង ៥ពាន់នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីទិវាពលកម្មអន្តរជាតិ

ក្នុងពិធីនេះ នឹងមានការចូលរួមពីភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមបុគ្គលិកសិក្សា សហជីព និងកម្មករនិយោជិតចំនួនជាង ៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ប្រធានបទទិវាពលកម្ម

ឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសយកប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិដ៏មានសារៈសំខាន់នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិតទូទាំងពិភពលោក ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

សម្តេចនាយករដ្ឋមន្ត្រី

ការជ្រើសរើសប្រធានបទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម។

ក្នុងពិធីនាស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រី នឹងថ្លែងសារសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអង្គពិធី ដោយរំលេចនូវវឌ្ឍនភាពនៃវិស័យការងារ សមិទ្ធផលកន្លងមករបស់រាជរដ្ឋាភិបាល និងទិសដៅទៅមុខ ដើម្បីឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងវិស័យការងារទាំងមូល៕

administrator

Related Articles