ប្រតិបត្តិការណ៍រន្ទះ! នគរបាលស្រុកមោងឫស្សីបង្ក្រាបគ្រឿងញៀនដកហូតបានជាង៥០ក្រាម ឃាត់ខ្លួន៤នាក់

ប្រតិបត្តិការណ៍រន្ទះ! នគរបាលស្រុកមោងឫស្សីបង្ក្រាបគ្រឿងញៀនដកហូតបានជាង៥០ក្រាម ឃាត់ខ្លួន៤នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយ៉ាងផ្លេកបន្ទោរចំនួន៣ករណី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់សរុបប្រមាណ ៥០,៥២ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

រូបភាពទី១

ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការអនុញ្ញាតពីឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

រូបភាពទី២

លោកវរសេនីយ៍ឯក ស គឹមឡុង បានដឹកនាំកម្លាំងចុះបង្ក្រាបករណីខាងលើ បន្ទាប់ពីទទួលបានព័ត៌មានយ៉ាងជាក់ច្បាស់ពីសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច។ ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ (១) ឈ្មោះ ខៃ ណារិន ហៅខួច ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិបឹងព្រីង ឃុំព្រៃតូច, (២) ឈ្មោះ ផល សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនខ្លុង ឃុំព្រៃតូច, (៣) ឈ្មោះ ម័យ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកូនខ្លុង ឃុំព្រៃតូច, និង (៤) ឈ្មោះ ញឹប ប៊ុនស៊ីណារ៉ាត់ ហៅរ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី។

រូបភាពទី៣

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕

(រូបភាព៖ នគរបាលស្រុកមោងឫស្សី)

administrator

Related Articles