ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនយុវជនចំនួន ០៥នាក់ និងរឹបអូសម៉ូតូចំនួន ០៣គ្រឿង ដែលប្រើប្រាស់ធ្វើសកម្មភាពបង្ហោះតាមដងផ្លូវក្នុងមូលដ្ឋាន។

បន្ទាប់ពីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបានអប់រំណែនាំពួកគេឲ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត ហើយបានឲ្យឪពុកម្តាយមកធានាយកទៅអប់រំនៅមូលដ្ឋានវិញ។ ចំណែកម៉ូតូទាំង ០៣គ្រឿង ត្រូវបានរក្សាទុករយៈពេល ០៣ខែ មុននឹងប្រគល់ឲ្យម្ចាស់វិញ៕
(រូបភាព៖ នគរបាលស្រុកបាណន់)
