ស្នេហាជាតិរត់មិនចេះនឿយ៖ មហាជនរាប់ពាន់នាក់ចូលរួមរត់ប្រណាំងប្រមូលធនធានជួយកងកម្លាំងព្រំដែនបាត់ដំបង

ស្នេហាជាតិរត់មិនចេះនឿយ៖ មហាជនរាប់ពាន់នាក់ចូលរួមរត់ប្រណាំងប្រមូលធនធានជួយកងកម្លាំងព្រំដែនបាត់ដំបង

ខេត្តបាត់ដំបង៖ បរិយាកាសនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មានភាពអធិកអធមយ៉ាងខ្លាំង ក្រោមស្នាមញញឹមរីករាយ និងស្មារតីសាមគ្គីជាតិខ្មែរ ខណៈដែលព្រឹត្តិការណ៍កីឡារត់ប្រណាំង ក្រោមប្រធានបទ «រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ព្រឹត្តិការណ៍រត់ប្រណាំងបាត់ដំបង

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីដ៏មហាធំនេះ។ លោកអភិបាលខេត្តបានសម្តែងនូវអារម្មណ៍សប្បាយរីករាយដោយបានឃើញមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋគ្រប់វណ្ណៈជាច្រើនកុះករបានចេញមុខចូលរួមបង្ហាញសាមគ្គីភាព។

លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការអនុញ្ញាតឱ្យរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍មនុស្សធម៌បែបនេះ។

អភិបាលខេត្តបាត់ដំបង

ក្នុងសារលើកទឹកចិត្ត លោកអភិបាលខេត្តបានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្នុងខេត្តបាត់ដំបង មានស្មារតីរួបរួមគ្នាដើម្បីជាតិ។ លោកសង្ឃឹមថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានមនសិការជាតិនិយមខ្ពស់ ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយ និងធានាឱ្យប្រទេសជាតិបន្តរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន។

អ្នកចូលរួមរត់ប្រណាំងបរិយាកាសរត់ប្រណាំង

ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការរួមគ្នាទ្រទ្រង់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារមាតុភូមិនៅតាមព្រំដែនជាតិ។

កងកម្លាំងព្រំដែនវិមានឯករាជ្យបាត់ដំបងព្រឹត្តិការណ៍មនុស្សធម៌បាត់ដំបង

ពិធីនេះប្រព្រឹត្តទៅប្រកបដោយក្តីរីករាយ និងសាមគ្គីភាព ដោយមានការចូលរួមពីស្រទាប់យុវជន មន្ត្រីរាជការ និងសាធារណជនទូទៅ រួមទាំងមានការតាំងពិព័រណ៍ផលិតផល និងការសម្តែងសិល្បៈវប្បធម៌បន្ថែមទៀតផងដែរ។

យុវជនចូលរួមរត់ប្រណាំងសាមគ្គីជាតិខ្មែរ

ដោយ៖ សិលា

administrator

Related Articles