តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ១០% ក្នុងអត្រាប្រចាំសប្ដាហ៍ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងអូសបន្លាយ និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលពីថ្ងៃសុក្រ តម្លៃប្រេងម៉ាក Brent បានកើនឡើង ២៦ សេន ឬ ០,៣% ដល់ ១០៥,៣៣ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលបិទការជួញដូរ។ រីឯតម្លៃប្រេងអាមេរិក WTI វិញបានធ្លាក់ចុះ ១,៤៥ ដុល្លារ ឬ ១,៥% មកនៅត្រឹម ៩៤,៤០ ដុល្លារក្នុងមួយបារ៉ែល។

ទោះយ៉ាងណា ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង Brent បានកើនឡើងដល់ ១៦% រីឯ WTI កើនឡើងជិត ១៣%។
អ្នកជំនាញបានលើកឡើងថា តម្លៃប្រេងនៅតែប្រែប្រួលខ្លាំង ប៉ុន្តែមានទំនោរកើនឡើង ដោយសារក្ដីបារម្ភថា ការវាយប្រហារយោធារវាងអាមេរិក និងអ៊ីរ៉ង់អាចផ្ទុះឡើងវិញ ដែលនាំឱ្យការបិទច្រកហ័រមូហ្សបន្តអូសបន្លាយរយៈពេលយូរទៀត៕

