ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-4624 បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈកំពុងធ្វើដំណើរតាមផ្លូវទ្រុងមាន់ កាលពីវេលាម៉ោង ៦:៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ចំណុចក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្តបើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែគៀបហ្វ្រាំងបណ្ដាលឲ្យឆេះផ្នែកខាងក្រោម ហើយរាលដាលយ៉ាងសន្ធោសន្ធៅ។

តៃកុងរថយន្ត និងប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់ ប៉ុន្តែអណ្ដាតភ្លើងនៅតែបន្តឆាបឆេះខ្លាំង ទើបរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយបន្ទាន់។

ក្រោយទទួលដំណឹង កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទៅជួយបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តទឹកជាច្រើនគ្រឿង។

ជាសំណាងល្អ គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសទេ គឺខូចខាតតែរថយន្តប៉ុណ្ណោះ ហើយការពន្លត់បានបញ្ចប់នៅយប់ថ្ងៃដដែល។

ដោយ៖ ភារ៉ា ដង្កោ
