ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រលប់ថ្ងៃទី២៦ មេសា ថា ករណីជនជាតិជប៉ុនប្រុសស្រីចូលម៉ាស្សា ត្រូវបុគ្គលិកស្រីលួចលុយចំនួន ២០០០ យេនពីស្ត្រីជប៉ុន ត្រូវបានសមត្ថកិច្ចដកហូតយកមកវិញបានដោយជោគជ័យ និងប្រគល់ជូនជនរងគ្រោះរួចរាល់។

បុគ្គលិកស្រីរូបនោះ ក្រោយពីបានលុយពីភ្ញៀវ បានប្រគល់ទៅឱ្យម្ចាស់ហាង រួចម្ចាស់ហាងក៏រួមគំនិតយកលុយនោះគេចខ្លួន។ ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ និងកំពុងបន្តស្វែងរកបុគ្គលិកស្រីនោះ យកមកអនុវត្តនីតិវិធីច្បាប់។
លោកស្នងការបានបញ្ជាក់ថា លោកបានដាក់បទបញ្ជាទៅការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង ១៤ រួចហើយ ដោយមិនលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាត ដែលប្រព្រឹត្តិអំពើមិនទទួលខុសត្រូវ ធ្វើឱ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរណ៍។ លោកក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចខណ្ឌដូនពេញ ដែលធ្វើការបានលឿនរហ័ស។
