អ្នកពន្លត់អគ្គីភ័យជាង ១,០០០ នាក់នៅភាគខាងជើងប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃពីរលើកជាប់ៗគ្នា ដែលឈានចូលដល់ថ្ងៃទីបួនហើយ គិតត្រឹមថ្ងៃទី ២៥ ខែមេសា។ ភ្លើងបានរាលដាលចូលជិតតំបន់លំនៅដ្ឋាន បង្ខំឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀសប្រជាជនជាង ៣,០០០ នាក់។
យោងតាមទីភ្នាក់ងារ Reuters នៅថ្ងៃទី ២៦ ខែមេសា ភ្លើងឆេះព្រៃលើកដំបូងបានផ្ទុះឡើងកាលពីថ្ងៃទី ២២ ខែមេសា នៅតំបន់ភ្នំមួយ។ ភ្លើងមួយទៀតនៅក្បែរនោះ បានគំរាមកំហែងដល់តំបន់លំនៅដ្ឋាននៅក្នុងទីក្រុង Otsuchi ខេត្ត Iwate។
មន្ត្រីពន្លត់អគ្គីភ័យបានឱ្យដឹងថា ដីភ្នំ អាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង កំពុងរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យយ៉ាងខ្លាំង។ គិតត្រឹមថ្ងៃសៅរ៍ (ទី ២៥ ខែមេសា) ភ្លើងបានឆេះប្រហែល ៧៣០ ហិកតា ដែលជំរុញឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀសសម្រាប់គ្រួសារចំនួន ១,៥៤១ ឬមនុស្ស ៣,២៣៣ នាក់ ដែលស្មើនឹងប្រហែលមួយភាគបីនៃចំនួនប្រជាជនសរុបនៃទីក្រុង Otsuchi។
ឧទ្ធម្ភាគចក្រមកពីខេត្តផ្សេងៗ រួមជាមួយកងកម្លាំងការពារខ្លួនរបស់ជប៉ុន កំពុងជួយអ្នកពន្លត់អគ្គីភ័យនៅលើដី ដោយទម្លាក់ទឹកពីលើអាកាស ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលបន្ថែមទៀត។
លោក Masashi Kikuchi អាយុ ៣៧ ឆ្នាំ ជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត បានរៀបរាប់ពីស្ថានភាពដ៏លំបាកថា «ដីស្ងួតខ្លាំងណាស់ ដែលភ្លើងនៅតែបន្តឆាបឆេះ។ នៅពេលដែលយើងពន្លត់ភ្លើងមួយកន្លែង យើងត្រូវផ្លាស់ទៅកន្លែងផ្សេងទៀត ហើយបន្តទៅមុខទៀត»។
រហូតមកដល់បច្ចុប្បន្ន សំណង់ចំនួន ៨ រួមទាំងផ្ទះសម្បែងមួយខ្នង ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុង។ យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសនៅឡើយទេ។
ទីក្រុង Otsuchi នៅតែចងចាំយ៉ាងជ្រាលជ្រៅអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងខែមីនា ឆ្នាំ ២០១១ ដែលបានឆក់យកជីវិតប្រជាជនជិតមួយភាគដប់នៃទីក្រុងនេះ៕
