៤០ប្រទេសរួមគ្នាជម្លៀសកប៉ាល់រាប់រយគ្រឿងចេញពីឈូងសមុទ្រពែរ្ស ក្រោមការដឹកនាំរបស់បារាំង

៤០ប្រទេសរួមគ្នាជម្លៀសកប៉ាល់រាប់រយគ្រឿងចេញពីឈូងសមុទ្រពែរ្ស ក្រោមការដឹកនាំរបស់បារាំង

ដោយសារស្ថានការណ៍នៅច្រកសមុទ្រ Hormuz នៅតែតានតឹង បង្កការរាំងស្ទះធ្ងន់ធ្ងរដល់ចរាចរណ៍ផ្លូវទឹក និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ឥឡូវនេះមានប្រទេសចំនួន ៤០ បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រផែនការជម្លៀសកប៉ាល់ពាណិជ្ជកម្មដែលកំពុងជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស។

ផែនទីច្រកសមុទ្រ Hormuz

តាមការផ្សាយរបស់ TASS កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ប្រទេសទាំង៤០នេះ គឺជាសមាជិកនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO) ហើយពួកគេគាំទ្រផែនការជម្លៀសកប៉ាល់រាប់រយគ្រឿង និងនាវិករាប់ម៉ឺននាក់ ដែលកំពុងជាប់គាំងដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងការគំរាមកំហែងពីភាគីអ៊ីរ៉ង់។

ផែនការនេះនឹងដឹកនាំដោយមហាអំណាចអឺរ៉ុបគឺបារាំង ខណៈវិធីសាស្រ្តលម្អិតនិងវិធានការនៃប្រតិបត្តិការកំពុងស្ថិតក្រោមការជជែកពិភាក្សាគ្នានៅឡើយ។ អគ្គលេខាធិការ IMO លោក Arsenio Dominguez ធ្លាប់លើកឡើងថា ផែនការនេះផ្តោតលើការបង្កើត «ច្រករបៀងនាវាចរណ៍ប្រកបដោយសុវត្ថិភាព» ដោយផ្តល់អាទិភាពដល់ការជម្លៀសកប៉ាល់ដែលកំពុងជាប់គាំង ហើយនាវាទាំងនោះនឹងចាកចេញទៅតាមលំដាប់លំដោយ ផ្អែកលើរយៈពេលដែលនាវិកជាប់គាំង។

គិតត្រឹមពេលនេះ មានកប៉ាល់ពាណិជ្ជកម្មប្រមាណ ៨០០គ្រឿង និងនាវិកប្រហែល ២០,០០០នាក់ ជាប់គាំងនៅឈូងសមុទ្រពែរ្ស។ យ៉ាងណា បើតាមអ្នកជំនាញ ការជម្លៀសអាចធ្វើទៅបានលុះត្រាតែស្ថានភាពធូរស្រាល និងតំបន់នោះមានសុវត្ថិភាព ជាពិសេសលែងមានការគំរាមកំហែងពីគ្រាប់មីនសមុទ្រជាដើម៕

administrator

Related Articles