សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌សម្តេចតេជោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌សម្តេចតេជោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

សម្តេច ម៉ែន សំអន សួរសុខទុក្ខលោកតា

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា និងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹកយ៉ាងកក់ក្តៅ។

សម្តេច ម៉ែន សំអន សួរសុខទុក្ខ

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យលោកតាឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ។ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ បានរាយការណ៍ថា ស្ថានភាពលោកតាមានភាពប្រសើរឡើងវិញច្រើន និងអាចវិលត្រឡប់ទៅគេហដ្ឋានវិញនៅថ្ងៃចន្ទនេះ ប្រសិនបើគ្មានការប្រែប្រួលអ្វីឡើយ។

លោកតា ពុត សឿន និងសម្តេច ម៉ែន សំអន

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានផ្តាំផ្ញើឱ្យមន្ទីរពេទ្យរៀបចំការជូនលោកតា និងក្រុមគ្រួសារត្រឡប់ទៅគេហដ្ឋានវិញដោយសុវត្ថិភាព។ លោកតា ពុត សឿន បានចូលសម្រាកព្យាបាលដោយសារសុខភាពខ្សោយ ពិបាកពិសាអាហារ និងទល់លាមក ប៉ុន្តែក្រោយការព្យាបាល លោកតាមានសុខភាពល្អប្រសើរឡើងវិញហើយ។

សម្តេច ម៉ែន សំអន និងក្រុមគ្រូពេទ្យ

លោកតាបានថ្លែងអំណរគុណចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាអញ្ជើញមកសួរសុខទុក្ខ និងអរគុណដល់ក្រុមគ្រូពេទ្យដែលបានថែទាំយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា លោកតា ពុត សឿន អាយុ ៩៨ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោកតាត្រូវបានសម្តេចតេជោ ហ៊ុន សែន សុំធ្វើជាឪពុកធម៌ និងធានាចិញ្ចឹមលោកតាពេញមួយជីវិត ព្រមទាំងផ្តល់ផ្ទះទេវតា ១ខ្នងជូនលោកតា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។

ដោយ៖ សំរិត

administrator

Related Articles