អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានចេញមកបដិសេធជំហរដែលថា រុស្ស៊ីជា«ការគំរាមកំហែងចម្បងចំពោះអឺរ៉ុប» ដោយអះអាងថា រុស្ស៊ីនៅតែជាផ្នែកមួយដែលមិនអាចខ្វះបាននៃទ្វីបអឺរ៉ុប និងអឺរ៉ាស៊ី។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Vesti News របស់រុស្ស៊ី លោក ប៉េស្កូវ បានរិះគន់ថា លោកខាងលិចកំពុងព្យាយាមបង្ហាញរូបភាពរុស្ស៊ីជា«សត្រូវខាងក្រៅគំរូ» ដើម្បីបង្កើនការឃោសនាបង្ខូចឈ្មោះ និងបង្វែរការយកចិត្តទុកដាក់ពីវិបត្តិផ្ទៃក្នុងរបស់ពួកគេ។
លោកក៏បានសង្កត់ធ្ងន់ថា វិបត្តិនៅអឺរ៉ុបកំពុងតែកាន់តែធ្ងន់ធ្ងរទាំងសន្តិសុខ សេដ្ឋកិច្ច និងការយល់ដឹងអំពីតម្លៃស្នូលរបស់ខ្លួន។
ការថ្លែងនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ បានចោទប្រកាន់កាលពីថ្ងៃទី២៤ មេសាថា លោកខាងលិចបានប្រកាសសង្គ្រាមបើកចំហលើរុស្ស៊ីដោយប្រើប្រាស់អ៊ុយក្រែនជាមុខព្រួញ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីទាំងពីររូបនេះកំពុងប្រើប្រាស់វោហារសាស្ត្រដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃថវិកាយោធារបស់ណាតូ និងការចោទប្រកាន់ពីបណ្តាប្រទេសដូចជាប៊ែលហ្សិក និងអាល្លឺម៉ង់៕
