អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោក«មិនព្រួយបារម្ភ»ឡើយ ខណៈពេលកំពុងត្រូវបានជម្លៀសចេញពីពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន បន្ទាប់ពីមានការបាញ់ប្រហារ។

លោក ត្រាំ បានឲ្យបទសម្ភាសន៍ជាមួយកម្មវិធី CBS News 60 Minutes កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា «ខ្ញុំមិនព្រួយបារម្ភទេ។ ខ្ញុំយល់ពីជីវិត។ យើងរស់នៅក្នុងពិភពលោកដ៏ឆ្កួតលីលា»។
ជនសង្ស័យត្រូវបានសម្គាល់ឈ្មោះគឺ លោក Cole Tomas Allen អាយុ 31 ឆ្នាំ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបាញ់ប្រហារនៅជិតចំណុចត្រួតពិនិត្យសន្តិសុខក្នុងសណ្ឋាគារ Washington Hilton កាលពីយប់ថ្ងៃសៅរ៍។ លោកត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃ។
ក្រុមការងារស៊ើបអង្កេតព្រហ្មទណ្ឌ និងភេរវកម្មរបស់ FBI កំពុងស៊ើបអង្កេតហេតុការណ៍នេះ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Todd Blanche បានឲ្យដឹងថា ជនសង្ស័យ«ទំនងជា»កំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់សេតវិមាន។

លោក ត្រាំ មានវត្តមានរួមជាមួយអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីក្រសួងសុខាភិបាល Robert F Kennedy Jr និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត។ បន្ទាប់ពីត្រូវបានជម្លៀស លោកបានសរសើរដល់សេវាសម្ងាត់ដែល«បានការពារភ្ញៀវរាប់ពាន់នាក់»។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ត្រាំ បានលើកឡើងថា ជនសង្ស័យ«មានការស្អប់ខ្ពើមជាច្រើន» និង«ប្រឆាំងនឹងគ្រិស្តសាសនា»។ ប្រព័ន្ធផ្សព្វផ្សាយកំពុងរាយការណ៍ពីប្រវត្តិបង្ហោះប្រឆាំងលោក ត្រាំ នៅលើបណ្តាញសង្គមពីជនសង្ស័យរូបនេះ។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល 20:35 ម៉ោងក្នុងស្រុក ខណៈពិធីជប់លៀងកំពុងប្រព្រឹត្តទៅក្នុងបន្ទប់រាំនៃសណ្ឋាគារ។ សមត្ថកិច្ចបានបាញ់តបត និងគ្រប់គ្រងស្ថានការណ៍បានភ្លាមៗ៕
ប្រភព៖ (CNN)
