វៀតណាមត្រៀមឡើងជាប់ចំណាត់ថ្នាក់សេដ្ឋកិច្ចធំទី២ក្នុងអាស៊ាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ ដោយផ្អែកលើសមភាពអំណាចទិញ (PPP) នៅចន្លោះឆ្នាំ ២០២៦ និង ២០៣១ ដោយវ៉ាដាច់ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន។

យោងតាមរបាយការណ៍របស់ IMF ស្ដីពីទំហំសេដ្ឋកិច្ចប្រទេសធំៗចំនួន ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រោមទស្សនវិស័យនេះ GDP របស់វៀតណាមវាស់វែងដោយ PPP ត្រូវបានរំពឹងថានឹងឈានដល់ ២,០២៥ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៦ ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីឥណ្ឌូណេស៊ី (៥,២៣០ ទ្រីលានដុល្លារ)។
វៀតណាមក៏នឹងក្លាយជាប្រទេសតែមួយគត់ក្រៅពីឥណ្ឌូណេស៊ី ដែលមាន PPP លើសពី ២ ទ្រីលានដុល្លារ។ នៅឆ្នាំ ២០៣១ GDP ផ្អែកលើ PPP របស់វៀតណាមរំពឹងថានឹងកើនលើសថៃដល់ជាង ៥០០ ប៊ីលានដុល្លារ។
លោក Nguyen Anh Vu ប្រធានមហាវិទ្យាល័យហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនាគារក្រុងហូជីមិញបានពន្យល់ថា PPP ជារង្វាស់ដែលប្រើប្រាស់ស្តង់ដារតម្លៃសកលដើម្បីប្រៀបធៀបថ្លៃចំណាយសម្រាប់ការរស់នៅតាមប្រទេសនីមួយៗ។ ឧទាហរណ៍៖ ប្រាក់ ៦ ដុល្លារ អាចទិញកាហ្វេបាន ២ កែវនៅថៃ និង ៣ កែវនៅវៀតណាម។
ទោះជាយ៉ាងណា លោក Vu បានព្រមានថា ការមានទំហំសេដ្ឋកិច្ចសរុបធំជាង មិនមានន័យថាវៀតណាមមានការអភិវឌ្ឍទូទៅខ្ពស់ជាងនោះទេ ព្រោះស្តង់ដារជីវភាពវាស់វែងបានល្អជាងដោយ GDP សម្រាប់មនុស្សម្នាក់ៗ។ នៅឆ្នាំ ២០២៤ ថៃមាន GDP per Capita ប្រមាណ ៧,៣៥០ ដុល្លារ ខណៈវៀតណាមមានត្រឹម ៤,៧២០ ដុល្លារ ដោយសារតែទំហំប្រជាជនវៀតណាមលើស ១០០ លាននាក់ ធៀបនឹងថៃប្រហែល ៧០ លាននាក់៕
