ភ្នំពេញ៖ ក្រុមជនជាតិចិនដែលជាអតិថិជនរបស់ក្រុមហ៊ុន ហួយវ័ន បានបង្កភាពអនាធិបតេយ្យនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមនេះបានបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ហើយថែមទាំងបានប្រើប្រាស់អំពើហិង្សាវាយទៅលើអាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍បើកផ្លូវថែមទៀត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន មកប្រមូលផ្តុំនៅទីនោះ គឺដើម្បីដាក់សម្ពាធជំរុញឲ្យធនាគារជាតិដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ។ ទោះបីជាអាជ្ញាធរបានហាមឃាត់យ៉ាងណាក៏ដោយ ក៏ពួកគេមិនព្រមស្តាប់ ផ្ទុយទៅវិញបានប្រើហិង្សាលើសមត្ថកិច្ចទៀត។

គួរបញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងរួចហើយថា ក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ។ ចំណែកបុគ្គលដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕


អត្ថបទ៖ ស្រីរ័ត្ន
