មហាអំណាចទាំង៣ ហុយពាក់កណ្ដាលទឹកប្រាក់យោធាពិភពលោក ឆ្នាំ២០២៥ សរុបជិត៣ទ្រីលានដុល្លារ

មហាអំណាចទាំង៣ ហុយពាក់កណ្ដាលទឹកប្រាក់យោធាពិភពលោក ឆ្នាំ២០២៥ សរុបជិត៣ទ្រីលានដុល្លារ

ការចំណាយផ្នែកយោធាទូទាំងពិភពលោកបានកើនឡើងជាបន្តបន្ទាប់រហូតដល់ជិត ២.៩ ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ ដែលជាឆ្នាំទី១១ នៃកំណើនជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។

ប្រទេសដែលចំណាយច្រើនជាងគេទាំងបី រួមមាន សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានចំណាយសរុប ១.៤៨ ទ្រីលានដុល្លារ ស្មើនឹងជាងពាក់កណ្តាលនៃការចំណាយទូទាំងពិភពលោក។ ការចំណាយសកលបានកើនឡើង ២.៩% បើធៀបនឹងឆ្នាំ២០២៤។

អ្នកស្រាវជ្រាវ លោក Lorenzo Scarazzato បានប្រាប់ AFP ថា ការថយចុះពីសហរដ្ឋអាមេរិកត្រូវបានទូទាត់ដោយការកើនឡើងនៅអឺរ៉ុប និងអាស៊ី។ លោកបញ្ជាក់ថា កត្តាជំរុញដ៏សំខាន់គឺសង្គ្រាមនៅអ៊ុយក្រែន និងការចូលរួមរបស់អាមេរិកជាមួយអឺរ៉ុបថយចុះ។

ការចំណាយរបស់រុស្ស៊ីកើនឡើង ៥.៩% ដល់ ១៩០ប៊ីលានដុល្លារ ស្មើ ៧.៥% នៃផលិតផលក្នុងស្រុកសរុប។ បណ្តាប្រទេសអាស៊ី និងអូសេអានី ចំណាយឈានដល់ ៦៨១ពាន់លានដុល្លារ កើន ៨.៥%។ ចិនចំណាយជាង ៣៣៦ពាន់លានដុល្លារ ខណៈជប៉ុនបង្កើនការចំណាយ ៩.៧% ដល់ ៦២.២ពាន់លានដុល្លារ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៥៨។

administrator

Related Articles