ក្រុងដាកា៖ សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបាតុភូតរន្ទះកើតឡើងនៅតំបន់ជាច្រើននៃប្រទេសបង់ក្លាដែស។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា រដូវកាលព្យុះផ្គររន្ទះកំពុងមានឥទ្ធិពលទូទាំងប្រទេស។

ករណីស្លាប់នេះ ត្រូវបានរាយការណ៍ពីស្រុកមួយចំនួន បន្ទាប់ពីព្យុះមួយរំពិចនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងបាតុភូតរន្ទះ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះភាគច្រើនជាកសិករ ដែលកំពុងធ្វើការនៅកណ្តាលវាលស្រែ និងកម្មករដែលជាប់ក្នុងតំបន់ងាយរងគ្រោះ។ មនុស្សមួយចំនួនទៀតបានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដោយអ្នកខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
រន្ទះបាញ់បានឆក់យកជីវិតមនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសបង់ក្លាដែស។ គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ រន្ទះបាញ់ត្រូវបានបង់ក្លាដែសប្រកាសជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត បន្ទាប់ពីមនុស្សជាង ២០០នាក់បានស្លាប់ក្នុងខែឧសភាតែមួយ រួមទាំងមនុស្ស ៨២នាក់ក្នុងមួយថ្ងៃ។
