ឥណ្ឌា និងអារ៉ាប់រួម (UAE) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនកាលពីថ្ងៃទី១៥ ខែឧសភា ក្នុងវិស័យថាមពល ការពារជាតិ ដឹកជញ្ជូន បច្ចេកវិទ្យាទំនើប និងការវិនិយោគ ក្នុងគោលដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានឈានដល់នៅទីក្រុងអាប៊ូដាប៊ី បន្ទាប់ពីការចរចារវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីអារ៉ាប់រួម លោក សេក ម៉ូហាម៉េដ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន។ កិច្ចចរចានេះធ្វើឡើងខណៈដែលភាពតានតឹងកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា ដែលបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល។

នៅក្នុងវិស័យថាមពល ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនប្រេងឥន្ធនៈយុទ្ធសាស្ត្រឥណ្ឌា (ISPRL) និងក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC)។ ក្រោមកិច្ចព្រមព្រៀងនេះ អារ៉ាប់រួមនឹងបង្កើនការចូលរួមចំណែករបស់ខ្លួនចំពោះទុនបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់ឥណ្ឌាដល់ ៣០ លានបារ៉ែល ព្រមទាំងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នប្រេងឥន្ធនៈរាវ (LPG) ផងដែរ។
លើសពីនេះ សាជីវកម្មប្រេងឥន្ធនៈឥណ្ឌា (IOC) និង ADNOC ក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ឧស្ម័ន LPG រយៈពេលវែង ដែលនឹងរួមចំណែកធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈចម្អិនអាហារសម្រាប់ទីផ្សារឥណ្ឌា។
ទាក់ទងនឹងវិស័យការពារជាតិ ឥណ្ឌា និងអារ៉ាប់រួមបានចុះហត្ថលេខាលើក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិជាយុទ្ធសាស្ត្រ ដោយផ្តោតលើការផលិតសព្វាវុធ ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរក៏បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល សមយុទ្ធយោធា សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងការចែករំលែកព័ត៌មានផងដែរ។
