រឿងអាស្រូវ! ក្រុមហ៊ុន ម៉េង គួង ត្រូវគេចោទថានាំមាន់រស់ថៃឆ្លងវៀតណាមចូលកម្ពុជា ថៅកែបដិសេធ មេគយប្រកាសបិទផ្លូវកាត់

រឿងអាស្រូវ! ក្រុមហ៊ុន ម៉េង គួង ត្រូវគេចោទថានាំមាន់រស់ថៃឆ្លងវៀតណាមចូលកម្ពុជា ថៅកែបដិសេធ មេគយប្រកាសបិទផ្លូវកាត់

ភ្នំពេញ៖ មានរបាយការណ៍លម្អិតមួយបានលើកឡើងថា ក្រុមហ៊ុន ម៉េង គួង មានអាជ្ញាប័ណ្ណនាំមាន់រស់ពីប្រទេសវៀតណាមចូលកម្ពុជាតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រភពមកពីប្រទេសថៃ រួចយកមកចែកចាយតាមបណ្ដារាជធានីខេត្តនានា។

តាមប្រភពទម្លាយថា ថៅកែនាំមាន់ចូលកម្ពុជាឈ្មោះ គួង ប្រើឈ្មោះក្រុមហ៊ុន ម៉េង គួង ដែលមានអាជ្ញាប័ណ្ណពីអគ្គនាយកដ្ឋានបសុពេទ្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងមួយយប់ៗ គេប្រើឡានចំនួន៤ទៅ៥គ្រឿង ប្រភេទកង់៦ ដឹកមាន់រស់ពី២,៥០០ទៅ២,៧០០ក្បាលក្នុងមួយឡាន។

ទោះបីជាមិនទាន់មានការបញ្ជាក់ថា អាជ្ញាប័ណ្ណស្របច្បាប់ ឬអាជ្ញាធរខេត្តចេញលិខិតបញ្ជាក់សុខភាពសត្វក៏ដោយ តែគេលើកឡើងថា បុគ្គលនេះយកឈ្មោះអគ្គនាយកបសុពេទ្យមកប្រើជាមធ្យោបាយដំណើរការអាជីវកម្ម ដោយគ្មានកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជាឡើយ។

ពាក់ព័ន្ធករណីនេះ លោក ម៉េង គួង នាយកក្រុមហ៊ុន ម៉េង គួង នៅព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ថា៖ «ខ្ញុំមិនមានក្រុមហ៊ុននាំមាន់រស់ពីប្រទេសវៀតណាម ដែលមានប្រភពពីប្រទេសថៃ ចូលមកកម្ពុជាទេ! អាចគេយកឈ្មោះខ្ញុំទៅប្រើ ខ្ញុំអត់ទទួលខុសត្រូវទេ ហើយសូមឱ្យសមត្ថកិច្ច និងសារព័ត៌មានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប ជៀសវាងប៉ះពាល់កិត្តិយសខ្ញុំ»។

លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ បង្ក្រាប ទំនិញរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់ថា៖ «ខ្ញុំនឹងបញ្ជាឲ្យបិទការនាំចូលឲ្យទាល់តែបាន តើនរណាជាអ្នកអនុញ្ញាត ខ្ញុំមិនអនុញ្ញាតដាច់ខាត!»។

សូមជម្រាបថា លោក ម៉េង គួង មិនដឹងថាមានភាគហ៊ុនជាមួយអគ្គនាយកបសុពេទ្យកម្រិតណាទេ តែប្រភពក្រៅផ្លូវការដែលអាចទុកចិត្តបានបញ្ជាក់ថា ការនាំចូលនេះអាចមានចំណែកផលប្រយោជន៍ ឬពាក់ព័ន្ធជាមួយអគ្គនាយកបសុពេទ្យ។ លោក នូ ស៊ីថា បានអរគុណចំពោះព័ត៌មាន និងបញ្ជាក់ថានឹងបង្ក្រាប និងបិទទាំងស្រុងប្រសិនបើមានការនាំចូលនេះ។ ជាទម្លាប់ពួកគេនាំមកស្តុកនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយ៖ សុខ ខេមរា

administrator

Related Articles