​ក្រុមសង្កេតការណ៍អាស៊ានដឹកនាំដោយហ្វីលីពីនចុះពិនិត្យស្ថានភាពព្រំដែននៅភូមិសិលាខ្មែរ ខេត្តបន្ទាយមានជ័យ

​ក្រុមសង្កេតការណ៍អាស៊ានដឹកនាំដោយហ្វីលីពីនចុះពិនិត្យស្ថានភាពព្រំដែននៅភូមិសិលាខ្មែរ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទិដ្ឋភាពតំបន់ព្រំដែន

តំបន់នេះជាទីតាំងដែលប្រជាពលរដ្ឋកម្ពុជាបង្កបង្កើន និងអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ បានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។ ក្រុមសង្កេតការណ៍ក៏បានធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

កិច្ចប្រជុំពិភាក្សាការងារ

ឆ្លៀតក្នុងឱកាសនេះ ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវជំហរមិនងាករេរបស់ខ្លួនថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា និងអាជ្ញាធរមូលដ្ឋាន ពុំមានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះទេ។

ក្រុមការងារចុះពិនិត្យ

ភាគីកម្ពុជាតែងតែបញ្ជាក់ជំហរមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម, ផែនទីដែលជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម, MOU 2000 និង TOR 2003 ជាដើម។

ឯកសារពាក់ព័ន្ធព្រំដែន

លើសពីនេះ ភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងកន្លងមក បច្ចុប្បន្ន និងអនាគត និងស្នើជំរុញភាគីថៃឯកភាពក្នុងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត។

ទិដ្ឋភាពកិច្ចប្រជុំ

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង។

ទិដ្ឋភាពតំបន់ព្រំដែនភូមិសិលាខ្មែរ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន

កិច្ចប្រជុំត្រួតពិនិត្យ

ក្រុមការងារចម្រុះ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ដោយ៖ តារា

administrator

Related Articles