គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ PCX និង BEAT បណ្តាលឱ្យបុរសម្នាក់បាក់ជើងខាងឆ្វេងនៅផ្លូវវេងស្រេង

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ PCX និង BEAT បណ្តាលឱ្យបុរសម្នាក់បាក់ជើងខាងឆ្វេងនៅផ្លូវវេងស្រេង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីបុរសរូបនេះជិះម៉ូតូឌុបភរិយា និងកូនត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ០១នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រូបភាពកន្លែងកើតហេតុ

ជនរងគ្រោះមានឈ្មោះ ញឹម តារា ភេទប្រុស អាយុ ៣៨ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ IL-9142 ឌុបភរិយា និងកូនធ្វើដំណើរតាមផ្លូវបេតុង ហើយបានឆ្លងកាត់ផ្លូវវេងស្រេង។ ភ្លាមៗនោះ ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូ Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ TU-7046 ធ្វើដំណើរតាមផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត បានជ្រុលបុកម៉ូតូ PCX យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូ PCX រងរបួសបាក់ជើងខាងឆ្វេង។

រូបភាពសមត្ថកិច្ចវាស់វែងកន្លែងកើតហេតុ

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកវត្ថុតាង និងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។

administrator

Related Articles